បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើស និស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៥

ចំនួនទស្សនា (256)


ដីឥដ្ឋ : នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង «បណ្ឌិត្យសភានគរបាលកម្ពុជា» ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១៥ សម្រាប់ឆ្នាំ២០២៣ ដែលអញ្ជើញអមដំណើរដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សមាសភាពគណៈកម្មការប្រឡងប្រជែងជ្រើសរើស និងសមាសភាពអនុគណៈកម្មការបច្ចេកទេសនានា។ ការប្រឡងប្រជែងឆ្នាំនេះ មានបេក្ខជនសរុបចំនួន៩៧៦នាក់ នារី៣២២នាក់ លើវិញ្ញាសាប្រឡងសរសេរមានរយៈពេល២ម៉ោង ទាក់ទងនឹង«ចំណេះដឹងទូទៅនិងចំណេះដឹងទាក់ទងនឹងកិច្ចការនគរបាល»។

សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការជ្រើសរើសនេះ តាមអនុក្រឹត្យលេខ ១៧១អនក្រ.បក ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន២០០នាក់ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃក៏បានទទួលគោលការណ៍អនុញ្ញាតជាថ្មីទៀតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តការជ្រើសរើសនិស្សិត២០០នាក់ ជារៀងរាល់ឆ្នាំ ដូចធ្លាប់បានអនុវត្តក្នុងឆ្នាំកន្លងមក។ គណៈកម្មការប្រឡងប្រជែងជ្រើសរើសរបស់ក្រសួងមហាផ្ទៃបានរៀបចំការប្រឡងប្រជែងនេះ ស្របតាមបច្ចេកទេសនិងនីតិវិធីដែលបានកំណត់ ដើម្បីជ្រើសរើសនិស្សិតនគរបាលដែលមានលក្ខណសម្បត្តិសមស្របតាមលក្ខខណ្ឌតម្រូវ មកធ្វើការបណ្ដុះបណ្ដាលរយៈពេល៤ឆ្នាំឱ្យក្លាយជានាយនគរបាលបន្តវេនប្រកបដោយគុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចបម្រើជាតិនិងប្រជាពលរដ្ឋបានល្អប្រសើរ ក្នុងពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើដល់បេក្ខជនប្រឡងឱ្យខិតខំយកចិត្តទុកដាក់ឆ្លើយសំណួរឱ្យបានត្រឹមត្រូវដោយប្រើសមត្ថភាពផ្ទាល់ខ្លួន ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ពីព្រោះគណៈកម្មការប្រឡងប្រជែងរបស់ក្រសួងមហាផ្ទៃបានប្រកាន់ខ្ជាប់នូវ«គោលការណ៍ចេះគឺជាប់»។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលកំពុងមានវឌ្ឍនភាពយ៉ាងខ្លាំងស្របតាមស្តង់ដាគុណភាព ដែលអាចបំពេញបានតាមតម្រូវការនៃការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារទូទាំងប្រទេស។

Song

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ពុធ, 24 ខែ​មេសា, 2024

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន