ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» នៅបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានសិក្ខាកាមជាគ្រូនគរបាលជាតិ មន្រ្តីនគរបាលជាតិ និងនិស្សិតចូលរួមសរុបចំនួន២១៩នាក់ នៅសាលមហោស្រព(អគារ H) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ឆ្លៀតឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលមានកិច្ចសហការល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជានៃក្រសួងមហាផ្ទៃ ក្នុងការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង និងបានជួយបណ្តុះបណ្តាលវគ្គផ្សេងៗទៀតនៅក្រៅប្រទេស ជាពិសេស លោក អេវិន ដោនី (Aven Downie ) មន្រ្តីស៊ើបអង្កេតព្រហ្មទណ្ឌក្រៅប្រទេស និងជាតំណាងការិយាល័យសន្តិសុខប្រចាំតំបន់នៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ព្រមទាំងលោកសាស្រ្តាចារ្យនិងសហការីនៃស្ថានទូតអាម៉េរិក ដែលមានវត្តមាន ក្នុងពិធីបិទវគ្គនេះ។
សូមបញ្ជាក់ថា នៅមុនដំណើរការពិធីបិទវគ្គ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន ក៏បានជួបស្វាគមន៍លោក អេវិន ដោនី និងសហការី និងបានជូននូវវត្ថុអនុស្សាវរីយ៍ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធាន បណ្ឌិត្យសភា បានគូសបញ្ជាក់ឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» នេះ គឺជាលទ្ធផលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អរវាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺនៅថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥នេះ។