បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


លក្ខខណ្ឌចូលរៀន

ចំនួនទស្សនា (1.8K)

១. លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល

បេក្ខជនទាំងពីរភេទ ដែលមានបំណងសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាលនៅ​បណ្ឌិត្យ​​​សភា នគរបាលកម្ពុ​ជា​ត្រូវមាន​លក្ខណៈសម្បត្តិដូចខាងក្រោម៖​​

  • ​ជាមន្រ្តីនគរបាលឬមន្រ្តីពន្ធនាគារ ដែលមានក្របខ័ណ្ឌ
  • ​ឆ្លងកាត់ការសិក្សាគ្រប់ភូមិសិក្សា ដែលមានលក្ខណៈជាប្រព័ន្ធ និងប្រក្រតី
  • ​មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្រពិន្ទុ
  • ​មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប(GPA) ៣.០០ ឡើងទៅ ឬសរសេរសារណាក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
  • ​មានសញ្ញាបត្របរិញ្ញាបត្រនិងព្រឹត្តិបត្រពិន្ទុ
  • ​មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)
  • ​មានសំណើគម្រោងស្រាវជ្រាវបឋមច្បាស់លាស់
  • ​មានសមត្ថភាពក្នុងការស្រាវជ្រាវ
  • ​មានសមត្ថភាពភាសាបរទេសណាមួយ
  • ​មានមូលដ្ឋានគ្រឹះព័ត៌មានវិទ្យាសម្រាប់ការប្រើប្រាស់ក្នុងការស្រាវជ្រាវ
  • ​មានអាយុចាប់ពី៥០ឆ្នាំចុះ គិតត្រឹមថ្ងៃចូលសិក្សា
  • ​មានសុខភាពល្អ និង
  • ​មានបទពិសោធយ៉ាងតិចប្រាំ(៥)ឆ្នាំក្នុងការងារដឹកនាំឬការងារអប់រំបណ្តុះបណ្តាលក្នុងវិស័យសន្តិសុខ និង
    សណ្តាប់ធ្នាប់សាធារណៈ ចាប់ពីថ្នាក់នាយការិយាល័យឡើងទៅ។

២. លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល

បេក្ខជនទាំងពីរភេទដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  នៅបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវមានលក្ខណសម្បត្តិ ដូចខាងក្រោម៖

  • មន្រ្តីនគរបាលឬមន្រ្តីពន្ធនាគារ កំពុងបម្រើការងារ
  • សញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើ ហើយត្រូវទទួលស្គាល់ដោយបណ្ឌិត្យសភានគរបាលកម្ពុជា និងព្រឹត្តិបត្រពិន្ទុ
  • ប្រវត្តិការងារល្អ
  • មានអាយុយ៉ាងច្រើន ៤៨ឆ្នាំ(គិតត្រឹមថ្ងៃចូលសិក្សា)
  • សុខភាពល្អ កាយសម្បទាមាំមួន
  • ពុំធ្លាប់មានពិរុទ្ធភាព ដែលសម្រេចដោយតុលាការ
  • ឆ្លងកាត់ការវាយតម្លៃ និងវាស់ស្ទង់សមត្ថភាព។

៣. លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល និងជំនាញពន្ធនាគារ

កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ តម្រូវឱ្យបេក្ខជនមានលក្ខណសម្បត្ដិដូចខាងក្រោម៖

  ក. សម្រាប់មន្ត្រីនគរបាលឬមន្ត្រីពន្ធនាគារកំពុងបម្រើការងារ

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • សុខភាពល្អ កាយសម្បទាមាំមួន
  • ប្រវត្តិការងារល្អ និងជាមន្រ្តីត្រៀមបម្រុងបន្តវេន
  • មានចំណេះដឹងផ្នែកកុំព្យូទ័រនិងភាសាអង់គ្លេស​ (សម្រាប់ជំនាញព័ត៌មានវិទ្យានិងភាសាអង់គ្លេស​)
  • មានអាយុយ៉ាងច្រើន ៣៥ឆ្នាំ(គិតត្រឹមថ្ងៃចូលសិក្សា)
  • ឆ្លងកាត់ការវាយតម្លៃ និងវាស់ស្ទង់សមត្ថភាព។

ខ. សម្រាប់​និស្សិតអាហារូបករណ៍​

  • មានសញ្ជាតិខ្មែរ
  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  • អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
  • កម្ពស់បុរស ១,៧០ម៉ែត្រឡើង និងមានទម្ងន់ចាប់ពី៦០គ.ក្រឡើង ដោយសមាមាត្រនឹងកម្ពស់
  • កម្ពស់នារី ១,៦០ម៉ែត្រឡើង និងមានទម្ងន់ចាប់ពី៤៨គ.ក្រឡើង ដោយសមាមាត្រនឹងកម្ពស់
  • នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)
  • មានសុខភាពល្អ និងកាយសម្បទាមាំមួន
  • ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក និង
  • ត្រូវឆ្លងកាត់ការធ្វើតេស្តកាយសម្បទា មុននឹងផ្ដល់ពាក្យសុំប្រឡង។ បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាល នៃការជ្រើសរើស រួមមាន៖

ដំណាក់កាលទី១៖ ពិនិត្យកាយសម្បទា ដោយវាស់កម្ពស់ ថ្លឹងទម្ងន់ រត់ចម្ងាយ ព្រមទាំងធ្វើតេស្តភាសាអង់គ្លេស។

ដំណាក់កាលទី២៖ បំពេញពាក្យតាមលក្ខខណ្ឌកំណត់ និងពិនិត្យសុខភាព។

ដំណាក់កាលទី៣៖ ឆ្លងកាត់ការប្រឡងប្រជែងតាមរយៈវិញ្ញាសាទាក់ទងនឹងកិច្ចការនគរបាលនិងចំណេះ ដឹងទូទៅ។

៤. លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត ថ្នាក់បរិញ្ញាបត្រពិសេសវិទ្យាសាស្ត្រនគរបាល

លក្ខខណ្ឌនៃការជ្រើសរើសចូលសិក្សា ក្នុងវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ​តម្រូវឱ្យបេក្ខជនទាំងពីរភេទ មានលក្ខណសម្បតិ្តដូចខាងក្រោម៖

  • ជាមន្ត្រីនគរបាល
  • មានសញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើ ទៅតាមលក្ខខណ្ឌកំណត់នៃជំនាញនីមួយៗ
  • មានកាយសម្បទាមាំមួន សុខភាពល្អ គ្មានជំងឺឆ្លង
  • មានប្រវត្តិការងារល្អ ​
  • មានអាយុយ៉ាងច្រើន ៤៥ឆ្នាំ(គិតត្រឹមថ្ងៃចូលសិក្សា) និង
  • ឆ្លងកាត់ការវាយតម្លៃ របស់គណៈកម្មការជ្រើសរើស។

៥. លក្ខខណ្ឌនៃការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គសិក្សាខ្លីៗ

សិក្ខាកាមទាំងពីរភេទត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • ត្រូវជាមន្ត្រីគំរូ មានស្នាដៃឆ្នើម និងគោរពវិន័យបានល្អ
  • ជាមន្រ្តីត្រៀមបម្រុងសម្រាប់បន្តវេន ឬជាមន្ត្រីដែលត្រូវបំប៉នបន្ថែមលើជំនាញវិជ្ជាជីវៈ
  • មានអាយុយ៉ាងច្រើន ៥០ឆ្នាំ (គិតត្រឹមថ្ងៃចូលសិក្សា) និងតាមការកំណត់នៃជំនាញនីមួយៗ
  • មុខតំណែងតាមការកំណត់នៃជំនាញនីមួយៗ
  • មានសុខភាពល្អនិងកាយសម្បទាមាំមួន។

៦. លក្ខខណ្ឌនៃការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ

សិក្ខាកាមទាំងពីរភេទត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • ​ជាមន្ត្រីពន្ធនាគារទាំង២ភេទ មិនធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល
  • មានសុខភាពល្អនិងកាយសម្បទាមាំមួន
  • មានប្រវត្តិការងារល្អនិងពុំធ្លាប់មានពិរុទ្ធភាព
  • មានអាយុយ៉ាងច្រើន ៤៥ឆ្នាំ(គិតត្រឹមថ្ងៃចូលសិក្សា)។

​៧. លក្ខខណ្ឌនៃការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គអប់រំក្រមសីលធម៌វិជ្ជាជីវៈនគរបាល

សិក្ខាកាមទាំងពីរភេទត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

  • មន្ត្រីនគរបាលជាតិទាំងពីរភេទ ដែលមិនទាន់អនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈនគរបាល និង វិន័យការងារ
  • មន្រ្តីនគរបាលជាតិមានឋានៈចាប់ពីមន្រ្តីដល់ស្នងការរងរាជធានីខេត្តនិង/ឬអនុប្រធាននាយកដ្ឋាន​នៃអង្គភាព នគរបាល ចំណុះក្រសួងមហាផ្ទៃ
  • មានអាយុយ៉ាងច្រើន ៤៥ឆ្នាំ។

៨. លក្ខខណ្ឌនៃការជ្រើសរើស​សម្រាប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល

  • ជាសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង ដែលទើបជ្រើសរើសតាមរយៈការប្រឡងប្រជែងឱ្យ ចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាល
  • ជាមន្ត្រីរាជការស៊ីវិលផ្ទេរមកក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា៕

ការវាយតម្លៃការសិក្សា

១. ប្រព័ន្ធនៃការវាយតម្លៃការសិក្សាថ្នាក់បណ្ឌិត

ការវាយតម្លៃលទ្ធផលសិក្សារបស់និស្សិតថ្នាក់បណ្ឌិត នៅបណ្ឌិត្យសភានគរបាលកម្ពុជាបែងចែកជា២រូបភាព គឺពិន្ទុដែលផ្តល់ដោយវិទ្យាស្ថាន និងពិន្ទុដែលផ្តល់ដោយសាស្ត្រាចារ្យមុខវិជ្ជា។ ពិន្ទុមុខវិជ្ជាត្រូវគណនាជាពិន្ទុសរុប១០០%  ក្នុងនោះ២៥%ផ្តល់ដោយវិទ្យាស្ថាន និង៧៥% ផ្តល់ដោយសាស្ត្រាចារ្យមុខវិជ្ជា។ វិទ្យាស្ថានវាយតម្លៃលើវត្តមានសិក្សា       សីលធម៌ វិន័យ និងសកម្មភាពក្នុងថ្នាក់រៀន។ ចំពោះការវាយតម្លៃការសិក្សារបស់សាស្ត្រាចារ្យ អនុលោមតាមការកំណត់របស់សាស្ត្រាចារ្យមុខវិជ្ជានោះ ទៅតាមប្លង់មុខវិជ្ជាដែលបានគ្រោងទុក។

ល.រ ការវាយតម្លៃ ពិន្ទុសរុប ពិន្ទុជាភាគរយ
វិទ្យាស្ថាន ១០០ ២៥%
សាស្ត្រាចារ្យមុខវិជ្ជា ១០០ ៧៥%
ពិន្ទុសរុប   ១០០%

 

ប្រព័ន្ធផ្តល់ពិន្ទុ និងនិទ្ទេស ត្រូវអនុវត្តលើមុខវិជ្ជានីមួយៗ ដូ​ចខាងក្រោម៖

ពិន្ទុភាគរយ និទ្ទេសជាអក្សរ ពិន្ទុនិទ្ទេស

Grade Point (GP)

អត្ថន័យនិទ្ទេស
៩០% – ១០០% A ៤.០០ ល្អប្រសើរ      (Excellent)
៨៥% – ៨៩% B+ ៣.៥០ ល្អណាស់      (Very Good)
៧៥% – ៨៤% B ៣.០០ ល្អ               (Good)
៧០% – ៧៤% C ២.៥០ ល្អបង្គួរ​         (Fairly Good)
<៧០% F ០.០០ ធ្លាក់            (Failure)

ពិន្ទុនិទ្ទេសនៃមុខវិជ្ជានីមួយៗដែលកំណត់ថាជាប់គឺចាប់ពី ២.៥0 GP ឡើងទៅ។​

មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA: Grade Point Average) ត្រូវគណនារកនៅពេល​បញ្ចប់​​​​ឆមាស ឬបញ្ចប់​ឆ្នាំសិក្សា ឬបញ្ចប់ការសិក្សា។ មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប ដែលកំណត់ថា​ជាប់​​​សម្រាប់​ឆមាសឬបញ្ចប់​ឆ្នាំ​សិក្សា ឬបញ្ចប់ការសិក្សា គឺចាប់ពី ២.៥០ឡើងទៅ។

រូបមន្តនៃការគណនារកមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) គឹ៖

ផលបូកនៃ (ពិន្ទុនិទ្ទេស x តម្លៃក្រេឌីតនៃមុខវិជ្ជានីមួយៗដែលត្រូវរៀន)

GPA     =

ផលបូកនៃតម្លៃក្រេឌីតដែលត្រូវរៀនគ្រប់មុខវិជ្ជា

២. ប្រព័ន្ធនៃការវាយតម្លៃការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ប្រព័ន្ធកំណត់ពិន្ទុសរុប ត្រូវបានប្រើដើម្បីវាយតម្លៃលទ្ធផលប្រឡងបញ្ចប់វគ្គ នៃមុខវិជ្ជានីមួយៗដូចខាងក្រោម៖

ល.រ ការវាយតម្លៃ ពិន្ទុ
វត្តមានប្រជុំជួរ សីលធម៌ វិន័យ សកម្មភាពក្នុងថ្នាក់ ២០%
កិច្ចការស្រាវជ្រាវ ២០%
ការប្រឡងពាក់កណ្តាលវគ្គ ២០%
ការប្រឡងបញ្ចប់វគ្គ ៤០%
ពិន្ទុសរុប ១០០%

* វត្តមានប្រជុំជួរ៥% វត្តមានក្នុងថ្នាក់១០% សកម្មភាពក្នុងថ្នាក់ សីលធម៌ វិន័យ៥%

ប្រព័ន្ធផ្តល់ពិន្ទុ និងនិទ្ទេស ត្រូវអនុវត្តលើមុខវិជ្ជានីមួយៗ ដូចខាងក្រោម៖

ពិន្ទុភាគរយ និទ្ទេសជាអក្សរ ពិន្ទុនិទ្ទេស

Grade Point (GP)

អត្ថន័យនិទ្ទេស
៩០% – ១០០% A ៤.០០ ល្អប្រសើរ      (Excellent)
៨៥% – ៨៩% B+ ៣.៥០ ល្អណាស់      (Very Good)
៧៥% – ៨៤% B ៣.០០ ល្អ               (Good)
៧០% – ៧៤% C ២.៥០ ល្អបង្គួរ         (Fairly Good)
៦០% – ៦៩% D ២.០០ មធ្យម          ( Fair)
<៦០% F ០.០០ ធ្លាក់            (Failure)

ពិន្ទុនិទ្ទេសនៃមុខវិជ្ជានីមួយៗដែលកំណត់ថាជាប់គឺចាប់ពី ២.00 GP ឡើងទៅ។

​            មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA: Grade Point Average) ត្រូវគណនារកនៅពេលបញ្ចប់ឆមាសឬបញ្ចប់ ឆ្នាំសិក្សាឬបញ្ចប់ការសិក្សា។

រូបមន្តនៃការគណនារកមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) គឺ៖

ផលបូកនៃ (ពិន្ទុនិទ្ទេស x តម្លៃក្រេឌីតនៃមុខវិជ្ជានីមួយៗដែលត្រូវរៀន)

GPA =        ____________________________________________________________________

ផលបូកនៃតម្លៃក្រេឌីតដែលត្រូវរៀនគ្រប់មុខវិជ្ជា

 ៣. ប្រព័ន្ធនៃការវាយតម្លៃការសិក្សាថ្នាក់បរិញ្ញាបត្រ

ប្រព័ន្ធកំណត់ពិន្ទុសរុប ត្រូវបានប្រើដើម្បីវាយតម្លៃលទ្ធផលប្រឡងបញ្ចប់វគ្គ នៃមុខវិជ្ជានីមួយៗ ដូចខាងក្រោម៖

ល.រ ការវាយតម្លៃ ពិន្ទុ
វត្តមានប្រជុំជួរ សីលធម៌ វិន័យ សកម្មភាពក្នុងថ្នាក់ ២០%
កិច្ចការស្រាវជ្រាវ ២០%
ការប្រឡងពាក់កណ្តាលវគ្គ ២០%
ការប្រឡងបញ្ចប់វគ្គ ៤០%
ពិន្ទុសរុប ១០០%

* វត្តមានប្រជុំជួរ៥% វត្តមានក្នុងថ្នាក់១០% សកម្មភាពក្នុងថ្នាក់ សីលធម៌ វិន័យ៥%

ប្រព័ន្ធផ្តល់ពិន្ទុ និងនិទ្ទេស ត្រូវអនុវត្តលើមុខវិជ្ជានីមួយៗ ដូចខាងក្រោម៖

ពិន្ទុភាគរយ និទ្ទេសជាអក្សរ ពិន្ទុនិទ្ទេស

Grade Point (GP)

អត្ថន័យនិទ្ទេស
៩០% – ១០០% A ៤.០០ ល្អប្រសើរ      (Excellent)
៨៥% – ៨៩% B+ ៣.៥០ ល្អណាស់      (Very Good)
៧៥% – ៨៤% B ​៣.០០ ល្អ               (Good)
៧០% – ៧៤% C ២.៥០ ល្អបង្គួរ         (Fairly Good)
៦០% – ៦៩% D ២.០០ មធ្យម          ( Fair)
<៦០% F ០.០០ ធ្លាក់            (Failure)

ពិន្ទុនិទ្ទេសនៃមុខវិជ្ជានីមួយៗដែលកំណត់ថាជាប់គឺចាប់ពី ២.00 GP ឡើងទៅ។

​            មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA: Grade Point Average) ត្រូវគណនារកនៅពេលបញ្ចប់ឆមាស ឬបញ្ចប់ឆ្នាំសិក្សា ឬបញ្ចប់ការសិក្សា។

រូបមន្តនៃការគណនារកមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) គឺ៖

ផលបូកនៃ (ពិន្ទុនិទ្ទេស x តម្លៃក្រេឌីតនៃមុខវិជ្ជានីមួយៗដែលត្រូវរៀន)

GPA =        ____________________________________________________________________

ផលបូកនៃតម្លៃក្រេឌីតដែលត្រូវរៀនគ្រប់មុខវិជ្ជា

 

៤. ប្រព័ន្ធនៃការវាយតម្លៃការសិក្សារបស់សិក្ខាកាម

ប្រព័ន្ធកំណត់ពិន្ទុសរុប ត្រូវបានប្រើដើម្បីវាយតម្លៃលទ្ធផលប្រឡងបញ្ចប់វគ្គ នៃមេរៀននីមួយៗ ដូចខាងក្រោម៖

ល.រ ការវាយតម្លៃ ពិន្ទុ
មធ្យមភាគសរុបនៃមេរៀនក្នុងផ្នែកទាំងអស់ ៦០%
ពិន្ទុការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ៤០%
ពិន្ទសរុបសម្រាប់វគ្គបណ្តុះបណ្តាលទាំងមូល ១០០%

* វត្តមានប្រជុំជួរ១០% វត្តមានក្នុងថ្នាក់៣០% សកម្មភាពក្នុងថ្នាក់ សីលធម៌ វិន័យក្នុងថ្នាក់១០% ប្រឡង
ពាក់កណ្តាលមេរៀន២០% និងប្រឡងបញ្ចប់មេរៀន៣០%។

៦០x ផលបូកពិន្ទុទទួលបាននៃមេរៀននីមួយៗក្នុងផ្នែក

ពិន្ទុមធ្យមភាគសរុបនៃមេរៀន =   ___________________________________________________________________________________

១០០xចំនួនមេរៀនសរុបនៃវគ្គបណ្តុះបណ្តាល(លើកលែងមេរៀនសិក្សាក្រោម៨ម៉ោង)

៥. ប្រព័ន្ធនៃការវាយតម្លៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល

​គ្រប់មេរៀនទាំងអស់នៃផ្នែកនីមួយៗ ដែលសិក្សាចាប់ពី៨ម៉ោងឡើង ​ត្រូវធ្វើការប្រឡងបញ្ចប់មេរៀន​ ក្នុងរយៈពេល ១ម៉ោងយ៉ាងតិច។ គ្រូបង្រៀនត្រូវប្រគល់ពិន្ទុនៃលទ្ធផលប្រឡងជូនទៅការិយាល័យប្រឡងនិងអធិការកិច្ចនៃនាយកដ្ឋាន    បណ្តុះបណ្តាលដើម្បីបូកសរុប។

លទ្ធផលនៃការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ត្រូវកំណត់ដូចខាងក្រោម៖

ល.រ ការវាយតម្លៃ ពិន្ទុ
ពិន្ទុមធ្យមភាគសរុបនៃមេរៀនចាប់ពី៨ម៉ោង ក្នុងផ្នែកទាំងអស់ ៣០%
ពិន្ទុវិន័យនិងវត្តមាន ១៥%
ពិន្ទុហ្វឹកហាត់កាយសម្បទា ១៥%
ពិន្ទុការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ៤០%
ពិន្ទុសរុបសម្រាប់វគ្គបណ្តុះបណ្តាលទាំងមូល ១០០%

* កំណត់សម្គាល់៖ បើធ្លាក់ពិន្ទុវិន័យនិងអវត្តមាន នោះលទ្ធផលប្រឡងត្រូវធ្លាក់ជាស្ថាពរ។

៣៥ x ផលបូកពិន្ទុទទួលបាននៃមេរៀននីមួយៗក្នុងផ្នែក

ពិន្ទុមធ្យមភាគសរុបនៃមេរៀន =

១០០ x ចំនួនមេរៀនសរុបនៃវគ្គបណ្តុះបណ្តាល​

ការប្រឡងបញ្ជប់ការសិក្សា ​

១. ថ្នាក់បណ្ឌិត

សម្រាប់ការសិក្សាថ្នាក់បណ្ឌិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា ការប្រឡងបញ្ចប់ការសិក្សាគឺសំដៅដល់ការសរសេរបញ្ចប់និក្ខេបបទនិងការការពារនិក្ខេបបទបញ្ចប់។ លទ្ធផលនៃការវាយតម្លៃនិក្ខេបបទបញ្ចប់ត្រូវផ្អែកលើការសម្រេច ដោយសមាជិកច្រើនដាច់ខាតនៃគណៈកម្មការវាយតម្លៃនិក្ខេបបទបញ្ចប់ ដែលនិស្សិតអាចទទួលលទ្ធផលណាមួយ ដូចខាងក្រោម៖

  • ជាប់
  • ជាប់បណ្តោះអាសន្ន ដោយត្រូវសរសេរឡើងវិញបន្តិចបន្តួច
  • ជាប់បណ្តោះអាសន្ន ដោយត្រូវសរសេរឡើងវិញភាគច្រើន
  • ធ្លាក់។

២. ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់

ការប្រឡងបញ្ចប់ការសិក្សា ការសរសេររបាយការណ៍ស្រាវជ្រាវ សារណាឬនិក្ខេបបទបញ្ចប់ការសិក្សា ត្រូវរៀបចំឡើងនៅគ្រប់ជំនាន់ ហើយជំនាន់នីមួយៗ គឺធ្វើនៅចុងបញ្ចប់ជំនាន់ដោយមានដាក់ពាក្យសុំប្រឡងបញ្ចប់ការសិក្សា ការសរសេររបាយការណ៍ស្រាវជ្រាវការពារសារណាឬនិក្ខេបបទតាមការកំណត់ របស់ប.ន.ក.។

និស្សិតដែលអនុញ្ញាតឱ្យប្រឡងបញ្ចប់ការសិក្សា ការសរសេររបាយការណ៍ស្រាវជ្រាវ សារណា ឬ និក្ខេបបទបញ្ចប់ការសិក្សា លុះត្រាតែបានបំពេញសំណុំបែបបទគ្រប់គ្រាន់តាមការកំណត់របស់ប.ន.ក. និងមិនស្ថិតក្នុងករណីណាមួយ ដែលមានចែងក្នុងប្រការ៣៥ នៃបទបញ្ជាផ្ទៃក្នុងនិស្សិត សិក្ខាកាម។

និស្សិតដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាល ដែលកំណត់ដោយប.ន.ក. ទើបអាចទទួលបានសញ្ញាបត្រ។

និស្សិតជ័យលាភីនៃការប្រឡងបញ្ចប់ការសិក្សា លុះត្រាតែទទួលបានពិន្ទុមធ្យមភាគសរុបគ្រប់មុខវិជ្ជាប្រឡងនិងពិន្ទុរបាយការណ៍ស្រាវជ្រាវ ចាប់ពី៦០% ឡើងទៅ ដោយពុំមានមុខវិជ្ជាណាមួយបានពិន្ទុ០ឡើយ។

ការប្រឡងបញ្ចប់ការសិក្សា ត្រូវមានមុខវិជ្ជាអាទិភាពយ៉ាងតិច ៣មុខវិជ្ជា  រួមបញ្ចូលរបាយការណ៍ស្រាវជ្រាវ។
មុខវិជ្ជាប្រឡងនីមួយៗនិងរបាយការណ៍ស្រាវជ្រាវ ត្រូវផ្តល់ពិន្ទុពី០ដល់១០០ពិន្ទុ។

និស្សិតដែលជ្រើសរើសយកការសរសេរសារណាឬនិក្ខេបបទបញ្ចប់ការសិក្សា ក៏តម្រូវឱ្យប្រឡងបញ្ចប់ការសិក្សាដែរ ។

និស្សិតដែលជ្រើសរើសយកការប្រឡងបញ្ចប់ការសិក្សា ក៏តម្រូវឱ្យសរសេររបាយការណ៍ស្រាវជ្រាវដែរ នូវជំនាញមួយចំនួន តាមការកំណត់របស់ ប.ន.ក.។

និស្សិតដែលសិក្សាថ្នាក់បរិញ្ញាបត្រឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មិនត្រូវអនុញ្ញាតឱ្យសរសេររបាយការណ៍ស្រាវជ្រាវ សារណា ឬ និក្ខេបបទបញ្ចប់ការសិក្សាឬប្រឡងបញ្ចប់ការសិក្សា ក្នុងករណីណាមួយដូចខាងក្រោម៖

  • ប្រឡងធ្លាក់៣០% នៃមុខវិជ្ជាសរុបគ្រប់ឆ្នាំសិក្សា
  • មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប(GPA)នៃមុខវិជ្ជាសរុបគ្រប់ឆ្នាំសិក្សា ក្រោម២.០០។

ករណីខាងលើនេះ ប.ន.ក. គ្រាន់តែចេញលិខិតបញ្ជាក់ការសិក្សាជូនប៉ុណ្ណោះ។

ករណីនិស្សិត ដែលមិនបានសរសេររបាយការណ៍ស្រាវជ្រាវ មិនអនុញ្ញាតឱ្យប្រឡងបញ្ចប់ការសិក្សាទេ។

និស្សិតដែលសិក្សា​ថ្នាក់បរិញ្ញាបត្រឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវបញ្ឈប់ការសិក្សាដោយស្វ័យប្រវត្តិ ក្នុងករណីណាមួយ ដូចខាងក្រោម៖

  • ប្រឡងធ្លាក់ឈានដល់៣០%នៃមុខវិជ្ជាសរុប នៃឆ្នាំសិក្សាណាមួយ
  • អវត្តមានឥតច្បាប់ ឈានដល់ចំនួន២៥%នៃពេលសិក្សាសរុប នៃឆ្នាំសិក្សាណាមួយ នៃចំនួនពេលសិក្សាសរុប នៃ​ថ្នាក់បរិញ្ញាបត្រឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
  • អវត្តមានឥតច្បាប់ ឈានដល់ចំនួន៣០%នៃឆ្នាំសិក្សាណាមួយ នៃចំនួនពេលប្រជុំជួរសរុប នៃ​ថ្នាក់បរិញ្ញាបត្រឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
  • មានសាលក្រមស្ថាពររបស់តុលាការសម្រេចឱ្យជាប់ទោសពីបទល្មើសមជ្ឈិមឬឧក្រិដ្ឋណាមួយក្នុងអំឡុងពេលសិក្សា ។

និស្សិតដែលប្រឡងធ្លាក់ឬអវត្តមានមានច្បាប់នៅពេលប្រឡងបញ្ចប់ការសិក្សា ត្រូវបង់ប្រាក់តាមការកំណត់ និងប្រឡងសងលើមុខវិជ្ជាដែលប្រឡងធ្លាក់។ ករណីប្រឡងសងធ្លាក់ ប.ន.ក. គ្រាន់តែចេញលិខិតបញ្ជាក់ការសិក្សាជូនប៉ុណ្ណោះ ។

និស្សិតដែលការពារសារណាឬនិក្ខេបបទធ្លាក់ឬអវត្តមានមានច្បាប់ក្នុងពេលឡើងការពារ និស្សិតអាចដាក់ពាក្យសុំឡើងការពារជាថ្មីបាន តាមការកំណត់របស់ប.ន.ក. ។ ការការពារសារណាឬនិក្ខេបបទធ្លាក់ជាលើកទី២ ឬមិនបានដាក់ពាក្យសុំឡើងការពារជាថ្មី ត្រូវធ្លាក់ដោយស័្វយប្រវត្តិ។ ករណីនេះ ប.ន.ក. គ្រាន់តែចេញលិខិតបញ្ជាក់ការសិក្សាជូនប៉ុណ្ណោះ។

ការរៀបចំដំណើរការប្រឡងបញ្ចប់ការសិក្សា ជាសមត្ថកិច្ចរបស់គណៈកម្មការប្រឡង ដែលចាត់តាំងដោយ ប.ន.ក.។

ការវាយតម្លៃរបាយការណ៍ស្រាវជ្រាវ ជាសមត្ថកិច្ចរបស់គ្រូបង្រៀនឬសាស្រ្តាចារ្យទទួលបន្ទុក។

ការការពារសារណាឬនិក្ខេបបទ ត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការសារណានិងនិក្ខេបបទនៃប.ន.ក.។

ក្នុងពេលប្រឡងបញ្ចប់ការសិក្សា   និស្សិតមិនត្រូវយកឯកសារនិងឧបករណ៍នានា ដែលអាចជាប្រភពនៃការលួចចម្លងឯកសារចូលក្នុងបន្ទប់ប្រឡងឡើយ និងត្រូវអនុវត្តតាមប្រការ៤២នៃបទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិត និងសិក្ខាកាម។ និស្សិតណាដែលមិនគោរពវិន័យនិងបទបញ្ជារបស់ប.ន.ក. ក្នុងពេលប្រឡងបញ្ចប់ការសិក្សា   គណៈកម្មការប្រឡងមានសិទ្ធិបញ្ឈប់ការប្រឡង រួចបញ្ជូនសំណុំលិខិតជូនទៅប្រធានប.ន.ក. ដើម្បីសម្រេចជាចុងក្រោយ ។

ជាទូទៅ និស្សិតមិនអនុញ្ញាតឱ្យព្យួរការសិក្សាទេ។ ក្នុងករណីមានមូលហេតុសមស្រប ការអនុញ្ញាតឱ្យព្យួរការសិក្សានេះបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ និស្សិតដែលព្យួរការសិក្សា ត្រូវរៀនឡើងវិញជាមួយវគ្គសិក្សាក្រោយៗចាប់ពីឆ្នាំដែលសាមីខ្លួនបានសុំព្យួរ។ ប.ន.ក. ពិនិត្យលទ្ធភាពក្នុងការអនុញ្ញាតឱ្យចូលរៀនវិញឬមិនអនុញ្ញាត៕

លក្ខខណ្ឌនៃការទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រ

១. លក្ខខណ្ឌនៃការទទួលសញ្ញាបត្រថ្នាក់បណ្ឌិត

កម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ នៃបណ្ឌិត្យសភានគរបាលកម្ពុជា គឺជាកម្មវិធីថ្នាក់បណ្ឌិតវិជ្ជាជីវៈ (Professional Doctorate) ដែលរួមមានការសិក្សាមុខវិជ្ជា ការស្រាវជ្រាវ សិក្ខាសាលា និងការសរសេរនិក្ខេបបទ។ និស្សិតបណ្ឌិតដែលជាប់ជាស្ថាពរទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបំពេញការសិក្សាលើមុខវិជ្ជា សរុបចំនួន២៧ក្រេឌីត និងការសរសេរនិងការពារសំណើគម្រោងស្រាវជ្រាវ ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬអន្តរជាតិ ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន ការសរសេរនិងការពារនិក្ខេបបទ សរុបចំនួន២៧ក្រេឌីត។ និស្សិតបណ្ឌិតដែលចាត់ទុកថាបានទទួលជោគជ័យលើមុខវិជ្ជាទាំងអស់លុះត្រាតែមិនមានមុខវិជ្ជាណាមួយមានពិន្ទុទាបជាង៧០ភាគរយជាដាច់ខាត។

សរុបមក និស្សិតបណ្ឌិតម្នាក់ៗសន្មតថាបានជោគជ័យជាស្ថាពរត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌ ដូចខាងក្រោម៖

  • ត្រូវសិក្សារយៈពេល៣ឆ្នាំ និងមិនឱ្យលើស៦ឆ្នាំ ក្នុងនោះសិក្សាលើមុខវិជ្ជា ការស្រាវជ្រាវ សរសេរនិងការពារនិក្ខេបបទ
  • បញ្ចប់ដោយជោគជ័យលើគ្រប់ផ្នែកសិក្សា ឱ្យបានគ្រប់ចំនួនកំណត់ ៥៤ក្រេឌីត (២៧ក្រេឌីតសម្រាប់មុខវិជ្ជានានា និង២៧ក្រេឌីតសម្រាប់ការស្រាវជ្រាវ សិក្ខាសាលានិងនិក្ខេបបទ)
  • មិនមានមុខវិជ្ជាសិក្សាណាមួយមានពិន្ទុទាបជាង៧០ភាគរយនៃពិន្ទុមុខវិជ្ជាសរុប
  • ត្រូវសរសេរ និងការពារសំណើគម្រោងស្រាវជ្រាវ​ឱ្យបានជោគជ័យ
  • ត្រូវការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិយ៉ាងតិចចំនួនពីរ ឬកម្រិតអន្តរជាតិយ៉ាងតិចចំនួន១
  • ត្រូវធ្វើសិក្ខាសាលាផ្ទាល់ខ្លួន យ៉ាងតិចចំនួន៤ដង
  • ត្រូវស្រាវជ្រាវ សរសេរ និងការពារនិក្ខេបបទសាកល្បង និងបញ្ចប់ដោយជោគជ័យ។

២. លក្ខខណ្ឌនៃការទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ​

២.១. និស្សិតជ័យលាភីដែលទទួលសញ្ញាបត្របាន លុះត្រាតែបំពេញបានលក្ខខណ្ឌទាំងអស់   ដូចខាង​ក្រោម៖

  • ទទួលបានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុបរយៈពេល២ឆ្នាំសិក្សា ចាប់ពី២.០០​GPA​ ​ឡើងទៅ
  • បានសរសេររបាយការណ៍ស្រាវជ្រាវចប់សព្វគ្រប់តាមលក្ខខណ្ឌកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលបានពិន្ទុមធ្យមភាគសរុប​គ្រប់មុខវិជ្ជា​ប្រឡង​និងពិន្ទុរបាយការណ៍ស្រាវជ្រាវ ចា​​ប់ពី៦០%ឡើង​ទៅ ដោយពុំមានមុខវិជ្ជាណាមួយបានពិន្ទុ០ឡើយ។ ករណីពិន្ទុ​មធ្យម​​​​​​ភាគ​សរុប​គ្រប់មុខវិជ្ជា​ប្រឡង និងពិន្ទុរបាយការណ៍ស្រាវជ្រាវលើសពី៦០% ហើយមាន​​​​​មុខ​វិជ្ជា​ណា​មួយបានពិន្ទុ០ និស្សិតត្រូវប្រឡងសង
    មុខវិជ្ជានោះ។

២.២. និស្សិតដែលបានទទួលត្រឹមតែលិខិតបញ្ជាក់ការសិក្សាក្នុងករណីណាមួយ ដូចខាងក្រោម៖

  • ពិន្ទុមធ្យមភាគសរុប​គ្រប់មុខវិជ្ជា​ប្រឡងបញ្ចប់ការសិក្សានិងពិន្ទុរបាយការណ៍ស្រាវជ្រាវ ក្រោម៦០% និងក្រោយពេលប្រឡងសងរួចនៅ​តែទទួលពិន្ទុមធ្យមភាគសរុបក្រោម៦០% ដដែល
  • អវត្តមានឥតច្បាប់ពេលប្រឡងបញ្ចប់ការសិក្សាគ្រប់មុខវិជ្ជា ត្រូវចាត់ទុកថាធ្លាក់​ការ​ប្រឡ​ង​​​​​បញ្ចប់​ការ​សិក្សា
  • ប្រឡងធ្លាក់៣០%នៃមុខវិជ្ជា សរុបគ្រប់ឆ្នាំសិក្សា (គិត​ក្រោយ​​​​ពេល​​បញ្ចប់ឆ្នាំសិក្សាទី២ ឆមាសទី២)​
  • មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប(GPA)នៃមុខវិជ្ជាសរុបរយៈពេល២ឆ្នាំសិក្សា ក្រោម២.០០
  • មិនបានសរសេររបាយការណ៍ស្រាវជ្រាវឬសរសេររបាយការណ៍ស្រាវជ្រាវ​មិនបានចប់​សព្វ​​គ្រប់ ​តាម​លក្ខខណ្ឌ កំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ។

២.៣.និស្សិតត្រូវបានបញ្ឈប់ការសិក្សាដោយស្វ័យប្រវត្តិ ក្នុងករណីណាមួយ ដូចខាងក្រោម៖

  • ប្រឡងធ្លាក់ឈានដល់៣០%នៃមុខវិជ្ជាសរុប ក្នុងមួយកម្មវិធីអប់រំ (គិតពីឆ្នាំសិក្សាដំបូង​ដល់​​ឆ្នាំ​សិក្សា​​ណាមួយមុនឆ្នាំសិក្សាទី២ ឆមាសទី២) ​
  • អវត្តមានឥតច្បាប់ឈានដល់២៥% នៃពេលសិក្សាសរុបក្នុងមួយកម្មវិធីអប់រំ ​(គិតពី​ឆ្នាំ​សិក្សា​ដំបូងដល់ឆ្នាំសិក្សាណាមួយនៃចំនួនពេលសិក្សាសរុប) ​
  • អវត្តមានឥតច្បាប់ឈានដល់៣០% នៃពេលប្រជុំជួរសរុបមួយកម្មវិធីអប់រំ (គិតពីឆ្នាំសិក្សាដំបូង​ដល់ឆ្នាំសិក្សាណាមួយនៃចំនួនពេលសិក្សាសរុប) ​
  • ទទួលទណ្ឌកម្មវិន័យលុបឈ្មោះចេញពីវគ្គ​សិក្សា ដែលសម្រេចដោយបណ្ឌិត្យសភា​នគរ​បាលកម្ពុជា
  • មានសាលក្រមស្ថាពររបស់តុលាការសម្រេចឱ្យជាប់ទោសពីបទមជ្ឈិមឬឧក្រិដ្ឋណា​មួយ​​ក្នុង​អំឡុង​ពេលសិក្សា។

កំណត់សម្គាល់

  • ចំពោះមុខវិជ្ជាដែលបានសិក្សាទាំងអស់នៃកម្មវិធីសិក្សា ត្រូវធ្វើការប្រឡងពាក់កណ្តាលឆមាសនិង​ប្រឡ​ង បញ្ចប់​មុខវិជ្ជា
  • ការប្រឡងបញ្ចប់ការសិក្សា ត្រូវធ្វើការជ្រើសរើសមុខវិជ្ជាជំនាញ៣​យ៉ាងតិច
  • ត្រូវ​​​សរសេរ​របាយការណ៍ស្រាវជ្រាវឱ្យបានចប់សព្វគ្រប់ ទើបអនុញ្ញាតឱ្យប្រឡងបញ្ចប់ការសិក្សា
  • មុខវិជ្ជាប្រឡងនីមួយៗត្រូវផ្តល់ពិន្ទុពី០ ដល់ ១០០ពិន្ទុ
  • របាយការណ៍ស្រាវជ្រាវត្រូវផ្តល់ពិន្ទុពី០ ដល់ ១០០ពិន្ទុ
  • ការវាយតម្លៃរបាយការណ៍ស្រាវជ្រាវ ជាសមត្ថកិច្ចរបស់សាស្រ្តាចារ្យដឹកនាំនិងគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃរបាយការណ៍ស្រាវជ្រាវ
  • និស្សិតដែលអវត្តមានមានច្បាប់សម្រាប់ពេលសិក្សា ត្រូវចាត់ទុកថាអវត្តមាន​មានច្បាប់​សម្រាប់ពេលប្រជុំជួរ
  • អវត្តមានមានច្បាប់២ពេលសិក្សា ស្មើអវត្តមានឥតច្បាប់១ពេលសិក្សា
  • អវត្តមានមានច្បាប់២ពេលប្រជុំជួរ ស្មើអវត្តមានឥតច្បាប់១ពេលប្រជុំជួរ។

៣.លក្ខខណ្ឌនៃការទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ

៣.១. និស្សិតជ័យលាភីដែលបានទទួលសញ្ញាបត្រ លុះត្រាតែបំពេញនូវលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម៖

  • ទទួលបានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប(GPA)រយៈពេល៤ឆ្នាំសិក្សា ចាប់ពី២.00 ឡើង
  • បានសរសេររបាយការណ៍ស្រាវជ្រាវ និងការចុះកម្មសិក្សាចប់សព្វគ្រប់តាមលក្ខណ្ឌកំណត់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
  • ទទួលបានពិន្ទុមធ្យមភាគសរុបគ្រប់មុខវិជ្ជាប្រឡង ពិន្ទុរបាយការណ៍ស្រាវជ្រាវ ពិន្ទុកម្មសិក្សា ចាប់ពី៦០%ឡើងទៅ ដោយពុំមានមុខវិជ្ជាណាមួយបានពិន្ទុ០ឡើយ។ ករណីពិន្ទុមធ្យមភាគសរុបគ្រប់មុខវិជ្ជាប្រឡង ពិន្ទុរបាយការណ៍ស្រាវជ្រាវ និងពិន្ទុកម្មសិក្សា លើសពី៦០% ហើយមានមុខវិជ្ជាណាមួយបានពិន្ទុ០និស្សិតត្រូវប្រឡងសងមុខវិជ្ជានោះ។

៣.២. និស្សិតដែលបានទទួលត្រឹមតែលិខិតបញ្ជាក់ការសិក្សា ក្នុងករណីណាមួយដូចខាងក្រោម៖

  • ពិន្ទុមធ្យមភាគសរុបគ្រប់មុខវិជ្ជាប្រឡងបញ្ចប់ការសិក្សា ពិន្ទុរបាយការណ៍ស្រាវជ្រាវ និងពិន្ទុកម្មសិក្សាក្រោម៦០% និងក្រោយពេលប្រឡងសងរួចនៅតែទទួលពិន្ទុមធ្យមភាគសរុបក្រោម៦០%ដដែល
  • អវត្តមានឥតច្បាប់ ពេលប្រឡងបញ្ចប់ការសិក្សាគ្រប់មុខវិជ្ជា ត្រូវចាត់ទុកថាធ្លាក់ការប្រឡងបញ្ចប់ការសិក្សា
  • ប្រឡងធ្លាក់៣០% នៃមុខវិជ្ជាសរុបគ្រប់ឆ្នាំសិក្សា (គិតក្រោយបញ្ចប់ឆ្នាំទី៤ ឆមាសទី២)
  • មធ្យមភាគនៃពិន្ទុនិទ្ទេសសរុប(GPA)នៃមុខវិជ្ជាសរុប៤ឆ្នាំសិក្សា ក្រោម២.០០
  • មិនបានសរសេររបាយការណ៍ស្រាវជ្រាវ ឬមិនបានចុះកម្មសិក្សា ឬសរសេររបាយការណ៍ស្រាវជ្រាវ ឬចុះកម្មសិក្សាមិនបានចប់សព្វគ្រប់តាមលក្ខខណ្ឌកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

៣.៣.និស្សិតដែលត្រូវបានបញ្ឈប់ការសិក្សាដោយស្វ័យប្រវត្តិ ក្នុងករណីណាមួយដូចខាងក្រោម៖​

  • ប្រឡងធ្លាក់ឈានដល់៣០% នៃមុខវិជ្ជាសរុបក្នុងមួយកម្មវិធីសិក្សា (គិតពីឆ្នាំសិក្សាដំបូងដល់ឆ្នាំសិក្សាណាមួយ មុនឆ្នាំទី៤ ឆមាសទី២)
  • អវត្តមានឥតច្បាប់ចំនួន២៥% នៃពេលសិក្សាសរុបក្នុងមួយកម្មវិធីសិក្សា(គិតពីឆ្នាំសិក្សាដំបូងដល់ឆ្នាំសិក្សាណាមួយ)
  • អវត្តមានឥតច្បាប់ឈានដល់ចំនួន៣០% នៃពេលប្រជុំជួរសរុបក្នុងមួយកម្មវិធីសិក្សា(គិតពីឆ្នាំសិក្សាដំបូងដល់ឆ្នាំសិក្សាណាមួយ)
  • មិនមកបង្ហាញមុខក្នុងវគ្គសិក្សាដោយគ្មានមូលហេតុ
  • អវត្តមានឥតច្បាប់ ចំនួន៥ថ្ងៃជាប់ៗគ្នា
  • មានសាលក្រមស្ថាពររបស់តុលាការសម្រេចឱ្យជាប់ទោសពីបទល្មើសមជ្ឈិម ឬឧក្រិដ្ឋណាមួយក្នុងអំឡុងពេលសិក្សា។

៤. លក្ខខណ្ឌនៃការទទួលវិញ្ញាបនបត្រសម្រាប់សិក្ខាកាម និងសិស្សនគរបាល

សិក្ខាកាមជ័យលាភីដែលអាចទទួលវិញ្ញាបនបត្រ លុះត្រាតែទទួលបានពិន្ទុមធ្យមភាគ​សរុបនៃវគ្គបណ្តុះបណ្តាល​ចាប់ពី៦០%ឡើងទៅ។

សិក្ខាកាមទទួលបានពិន្ទុមធ្យមភាគសរុប នៃវគ្គបណ្តុះបណ្តាលក្រោម៦០% ប.ន.ក. គ្រាន់តែចេញលិខិតបញ្ជាក់ការសិក្សាជូនប៉ុណ្ណោះ។

សិក្ខាកាមត្រូវបានលុបឈ្មោះចេញពីវគ្គសិក្សា ក្នុងករណីដូចខាងក្រោម៖

  • អវត្តមានឥតច្បាប់សរុបក្នុងមួយវគ្គបណ្តុះបណ្តាលលើសពី១៥%នៃពេលសិក្សាសរុប
  • អវត្តមានឥតច្បាប់ក្នុងការប្រជុំជួរលើសពី១៥%នៃចំនួនប្រជុំជួរសរុបក្នុងមួយវគ្គបណ្តុះបណ្តាល
  • អវត្តមានឥតច្បាប់៥ថ្ងៃជាប់ៗគ្នាឬបោះបង់ចោលការសិក្សា
  • មិនមកបង្ហាញមុខក្នុងវគ្គសិក្សាដោយគ្មានមូលហេតុ៕
PHNOM PENH WEATHER
ចំរៀង ប.ន.ក
album-art

ចំរៀង

By
Release date:

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 77 778 325

Flag Counter
© 2020

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ រាជបណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 ថ្ងៃមុន